
កាលបរិច្ឆេទ: ១៧ កញ្ញា ២០២៦ / កសិកម្ម / Author : ATH Sokren
នៅថ្ងៃទី១១ ខែកញ្ញា មុនថ្ងៃប្រារព្ធខួបមួយថ្ងៃ ក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេលបានបើកសម្ពោធទីតាំងថ្មីពីរកន្លែងនៅចំកណ្តាលទីក្រុងភ្នំពេញតែម្តង គឺ showroom Confirel ហាងកាហ្វេត្នោត (Thnot Café) និងហាងភីហ្សាប្រហុក (Pizza Prahok)។ ហាងទាំងពីរនេះឆ្លុះបញ្ចាំងពីឆន្ទៈរបស់ក្រុមហ៊ុនសហគ្រាសដែលចង់ផ្សារភ្ជាប់អ្នកប្រើប្រាស់ជនជាតិខ្មែរ និងបរទេសទៅនឹងភាពសម្បូរបែបនៃធនធានធម្មជាតិរបស់ខ្មែរ។
ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅជាពីរវគ្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងលោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង។ ដំបូងគឺពិធីសូត្រមន្តតាមព្រះពុទ្ធសាសនានៅ showroom បន្ទាប់មកនៅពេលរសៀល មានពិធីជប់លៀងរៀបចំឡើងនៅសណ្ឋាគារ Penh House ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករដូចជា ដៃគូពាណិជ្ជកម្ម បុគ្គលល្បីៗ អ្នកចែកចាយ និងភ្ញៀវកិត្តិយសមកពីបណ្តាប្រទេសអាហ្វ្រិកនិយាយភាសាបារាំងផងដែរ។
Showroom ដែលមានទីតាំងនៅផ្ទះលេខ៥៧ ផ្លូវលេខ១៧៨ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ត្រូវបានរចនាឡើងសម្រាប់ជាកន្លែងតាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុនខនហ្វីរេលដូចជា ស្ករត្នោតម៉ាក Thnot ម្រេចកំពត គ្រឿងទេស ផលិតផលសុខភាព និងផលិតផលប្រូប៊ីយ៉ូទិកម៉ាក KEM និងជាកន្លែងសម្រាប់ភ្ញៀវស្វែងយល់ ភ្លក់រសជាតិ និងជួបជាមួយអ្នកផលិតនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។
ហាងកាហ្វេត្នោត និងហាងភីហ្សាប្រហុក : ម្ហូបខ្មែរត្រូវបានច្នៃប្រឌិតឡើងវិញ
នៅជាប់នឹងជញ្ជាំង showroom ហាងកាហ្វេត្នោត និងហាងភីហ្សាប្រហុកផ្តល់ជូនដល់អតិថិជននូវរសជាតិបែបសម័យទំនើបចេញពីគ្រឿងផ្សំដែលជាបេតិកភណ្ឌខ្មែរ។ ហាងកាហ្វេត្នោតប្រើប្រាស់ស្ករត្នោតសរីរាង្គគ្រប់ទម្រង់មិនថាជាប្រភេទម្សៅ ឬទឹកស៊ីរ៉ូ នៅក្នុងកាហ្វេឡាតេ និងបង្អែមផ្សេងៗ។ រីឯហាងភីហ្សាប្រហុកវិញហ៊ានច្នៃប្រឌិតរសជាតិថ្មីប្លែក ដោយផ្សំម្សៅភីហ្សាជាមួយប្រហុកដែលជាគ្រឿងទេសដ៏ល្បីល្បាញបំផុតមួយរបស់ម្ហូបខ្មែរ។ វាជាវិធីដ៏ល្អមួយបែបកម្សាន្តផង និងមានឱជារសផង ក្នុងការផ្សារភ្ជាប់ម្ហូបខ្មែរទៅនឹងម្ហូបបែបអន្តរជាតិ និងពាំនាំយកនូវគ្រឿងទេសដែលមានប្រភពមកពីតំបន់ជនបទទៅកាន់ទីក្រុងក្នុងបរិយាកាសដ៏សែនរីករាយ៕